Sunday, December 18, 2016

សឿ សុធារ៉ា អំពាវនាវតារាសិល្បៈ និងមហាជន ជួយលើកស្ទួយស្នាដៃ របស់ផលិតករខ្មែរ

អ្នកនាង សឿ សុធារ៉ា តារាសម្តែងស្រីជើងចាស់ បានប្រកាសអំពាវនាវ ឲ្យតារាសិល្បៈ និងមហាជនជួយលើកស្ទួយស្នាដៃ របស់ផលិតករខ្មែរ ដែលជាអតីតពលករខ្មែរ នៅក្នុងប្រទេសកូរ៉េ ។ ការប្រកាសនេះ ក្នុងពិធីសម្ពោធរឿង «កំពូលល្ងង់នៅអាស៊ី» កាលពីថ្ងៃទី១៤ ធ្នូ ។
អ្នកនាង សឿ សុធារ៉ា និយាយថា មានតែខ្មែរជួយគាំទ្រស្នាដៃខ្មែរប៉ុណ្ណោះ ទើបវិស័យភាពយន្តហ្នឹងអាចទៅមុខ។ ជាមួយនឹងការមិនទាន់ បានទស្សនាសាច់រឿងនៅឡើយ អ្នកនាងប្រកាសថាខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» ប្លង់សំខាន់ៗមួយចំនួនទាក់ទាញ បើផ្អែកលើវីដេអូ ដែលបានបង្ហោះនៅលើ Youtube។ អ្នកនាងថា ស្នាដៃដំបូងរបស់ផលិតកម្ម Galaxy ដែលផលិតដោយអតីតពលកររោងចក្រ នៅក្នុងប្រទេសកូរ៉េ គួរតែមានការលើកទឹកចិត្ត បើទោះជារឿងនេះថ្មី និងជាស្នាដៃដំបូង ដែលបងប្អូនខ្លះមិនសូវទុកចិត្ត។
អ្នកនាងនិយាយថា៖ «ខ្ញុំអត់បានមើលរឿងគាត់ទេ ប៉ុន្តែខ្ញុំឃើញគាត់ជ្រើសតួល្អ ហើយអ្នកដឹកនាំនិងអ្នកបច្ចេកទេស នៅក្នុងរឿងគាត់ គឺមនុស្សមានស្នាដៃច្រើន ចឹងរឿងហ្នឹងវាច្បាស់ណាស់ថាល្អមើល ដែលបងប្អូនយើងគួរតែជួយគាំទ្រ!»។
អ្នកនាងថា ខ្លួនចាប់អារម្មណ៍ជាងគេនៅពេលឮថា លោក ឡេង ណាវ៉ា់ត់ត្រា គ្រាន់តែជាអតីត អ្នកបម្រើការក្នុងរោងចក្រនៅប្រទេសកូរ៉េ ហើយបានសន្សំ លុយមកមកទិញដីធ្លី និងបានចំណេញតិចតួច ក៏យកដើមទុនមកផលិតភាពយន្ត ដោយសារតែការស្រឡាញ់ និងចង់លើកស្ទួយ។ អ្វីដែលអ្នកនាងពេញចិត្ត គឺលោកប្រកាសថា ផ្ដល់សំបុត្ររហូតដល់២០០សំបុត្រ ដល់បងប្អូនជាកម្មករ កម្មការិនី នៅថ្ងៃទី២១ ខែធ្នូខាងមុខ ដោយគ្រាន់តែកម្មកររោងចក្រទាំងនោះ បង្ហាញកាតរោងចក្រ នៅតាមរោងភាពយន្ត។

អ្នកនាងថា នេះជាការលើកឡើង ពីប្រភពដើមរបស់ផលិតករ គឺមានន័យថាបើរឿងដំបូង របស់លោក ឡេង ណាវ៉ាត់ត្រា ជាមនុស្សមានការតាំងចិត្ត ដូច្នេះនាងមិនចង់ទទួលបានដំណឹងថា ខ្សែរឿងមួយនេះមានលទ្ធផលដូចគ្នានឹងរឿង «វិកលចរិត» កាលពីដំបូងៗនោះឡើយ។ អ្នកនាងគិតថា ជាការបំបាក់ទឹកចិត្ត បើស្នាដៃល្អមួយ មិនទទូលបានជោគជ័យ ព្រោះតែខ្វះការគាំទ្រ ពីបងប្អូនខ្មែរ ជាពិសេសគឺយុវវ័យ។
អ្នកនាងធ្វើការរិះគន់ចំៗ ទៅលើយុវវ័យដែលគាំទ្រ ខ្សែរឿងបរទេសភ្លូកទឹកភ្លូកដី ហើយមើលរំលងនូវស្នាដៃរបស់ខ្មែរ។ អ្នកនាងនិយាយថា៖ «រាល់ថ្ងៃខ្ញុំនៅតែឃើញថា បងប្អូនយើងគាំទ្រស្នាដៃបរទេស ច្រើនជាងរឿងខ្លួនឯង ហើយរឿងខ្មែរឥឡូវ មិនមែនមិនល្អទេ គឺល្អច្រើនណាស់ ប៉ុន្តែមកពីយើងចេះតែទើស ឬខ្វះការគាំទ្រ ទើបរឿងខ្លះផលិតល្អ គាត់ផលិតល្អ តែខាត!»។
នាងរំពឹងថា ស្នាដៃរឿង «កំពូលល្ងង់នៅអាស៊ី» ដែលសម្ដែងដោយនាយពែកមី និងនាយគ្រឿន ហើយជាការបោះទុន ដោយអតីតពលករ នៅក្នុងប្រទេសកូរ៉េ នឹងទទួលជោគជ័យ ដោយមិនមានវាសនាដូចគ្នានឹងរឿង «វិកលចរិត» នាពេលមុននោះទេ។ 

No comments: